ads
ads

ភ្នំពេញ៖ ទាក់ទងទៅនឹងរឿងអបិយជំនឿ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ រហូតមកទល់ពេលបច្ចុប្បន្ននេះវិញ ប្រជាជនខ្មែរយើងមួយចំនួនហាក់បីជា មិនសូវមានការចាប់អារម្មណ៍ អើពើច្រើនដូចមុនឡើយ នោះក៏ដោយសារតែបច្ចេកវិទ្យាមានភាពជឿនលឿនខ្លាំងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យទស្សនៈរបស់ប្រជាជនខ្មែរយើងមួយចំនួន មានការប្តូរផ្លាស់យល់ឃើញថា រាល់អបិយជំនឿខ្មែរមួយចំនួន គ្រាន់តែជាការលើកឡើងបោកប្រាស់ ឬកាឡៃតែប៉ុណ្ណោះ រហូតមកទល់ពេលនេះ ប្រពៃណីទំនៀមទំលាប់ ឬអបិយជំនឿខ្មែរយើងមួយចំនួន បានបាត់បង់ ស្ទើរតែបន្តិចម្តងៗផងដែរ។

យ៉ាងណាមិញ ជាមួយប្រជាជនខ្មែរយើង មួយចំនួនដែលធ្លាប់មានបទពិសោធន៍ បានដឹងបានលឺ ឬធ្លាប់ជួបប្រទះ ទាក់ទងទៅនឹងរឿង «ម្រេញគង្វាល និងជំនាងផ្ទះ» ដើម្បីចែកជូនប្រិយមិត្ត មិត្តអ្នកអានបានជ្រាបផងដែរ ថាតើវាពិតជាមានពិតមែន ហើយគួរជឿ ឬមិនគួរជឿ...!




បើតាមការឲ្យដឹងពីព្រះតេជគុណព្រះនាម ឯក សំ គង់នៅវត្ត តាខ្មៅ ក្រុងតាខ្មៅ បច្ចុប្បន្នព្រះតេជគុណក៏ជាសមណនិស្សិតនៅ សាកលវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍ ថា៖ «...ទាក់ទងទៅនឹងទំនៀមទំលាប់ អបិយជំនឿ ម្រេញគង្វាលនិងជំនាងផ្ទះនេះ បើតាមប្រវត្តិដែលអាត្មាបានយល់ដឹង ហើយបានអានដែលមាន ដូចជានៅក្នុងសៀវភៅ ទំនៀមទំលាប់ខ្មែរកន្លងមក ម្រេញគង្វាលនេះ ពីមុនគឺជាប្រភេទខ្មោចព្រៃមួយប្រភេទ ថែរក្សាហ្វូងសត្វដំរី ហើយក្រោយមកក៏ក្លាយជាអ្នកថែរក្សានៅក្នុងផ្ទះទៅវិញ ឯជំនាងផ្ទះគឺជាសភាវៈទេវតា ដែលជួយតាមថែរក្សា ផ្ទះសំបែង ទ្រព្យធននៅក្នុងផ្ទះរបស់យើង មិនខុសគ្នាពីម្រេញគង្វាលឡើយ។ ហើយបើនៅតាមជនបទវិញ ម្រេញគង្វាល និងជំនាងផ្ទះនេះដែរ ភាគច្រើនគឺគេហៅតែមួយហ្នឹង ព្រោះមានស្រុកខ្លះម្រេញគង្វាលក៏ហៅថា ជំនាងផ្ទះ ឯជំនាងផ្ទះក៏ហៅថាជាម្រេញគង្វាលដែរ» ។


ព្រះតេជគុណ មានសង្ឃដីកាបន្ថែមទៀតថា «...ក្រោយមកបុរសជាប្តីយូរៗ ក៏បានមកលេងផ្ទះហ្នឹងម្តង ឯប្រពន្ធវិញក៏ដូចគ្នាដែរ ប៉ុន្តែនៅពេលដែលគាត់បានបោះបង់ផ្ទះនោះ ទុកចោលអស់រយៈពេលជាង ៣ទៅ៤ខែនោះហើយ ជាហេតុធ្វើឲ្យពពួកទេវតា ឬផ្លូវងងឹតអស់នោះឯង គេមកនៅ។ រហូតពេលដែលប្តីប្រពន្ធពីរនាក់ហ្នឹង មកសម្រាកនៅផ្ទះរបស់គាត់វិញនោះ គឺពពួកសភាវៈ ឬផ្លូវងងឹតអស់ហ្នឹងហើយគេមកធ្វើបាប។ ដោយសារអី ដោយសារតែគាត់អត់បាន បោសសម្អាតនៅក្នុងផ្ទះហ្នឹង ដល់តែពេលចឹងទៅ ធ្វើឲ្យពីរនាក់ប្តីប្រពន្ធហ្នឹងភ័យខ្លាច ហើយក៏គិតថាប្រហែលជាមានខ្មោច មានអីចឹងទៅ ហើយពួកគាត់ក៏បានសម្រេចចិត្តលក់ផ្ទះហ្នឹង»។
«...ដល់តែពេលម្ចាស់ផ្ទះថ្មី ដែលគេបានទិញផ្ទះពី ពីរនាក់ប្តីប្រពន្ធនោះហើយ ម្ចាស់ផ្ទះថ្មីហ្នឹងគេដឹងពីបញ្ហាអបិយជំនឿអស់ហ្នឹង ហើយគេក៏បានបោសសម្អាតផ្ទះយ៉ាងស្អាតបាត ហើយមានរៀបចំជាទីកន្លែងមួយសម្រាប់ដាក់ សែនសំណែន មានដូចជាទឹក មានកម្រង មានផ្លែឈើ ចំណីអាហារជាដើម សម្រាប់សែនព្រេនដល់ពពួកទេវតាអស់ហ្នឹង។ ក្រោយពីពពួកទេវតាអស់នោះ បានមកទទួលសំណែនហើយ ក៏ឲ្យពរឲ្យជ័យ តាមថែរក្សាម្ចាស់ផ្ទះថ្មីហ្នឹងទៅ ហើយរឿងរ៉ាវវាមានតែប៉ុណ្ណឹង ព្រោះនេះគ្រាន់តែជារឿងដំណាលមួយ ដែលអាត្មាបានដឹងតែប៉ុណ្ណោះ» ។

ទន្ទឹមនឹងនោះផងដែរ អ្នកមីង សុផល វ័យ៣៧ឆ្នាំ ជាស្រ្តីមេផ្ទះមួយរូប ក៏បានប្រាប់ឲ្យដឹងដែរថា រូបគាត់ពិតជាជឿជាក់ថា មានម្រេញគង្វាល និងជំនាងផ្ទះយ៉ាងពិតប្រាកដមែន។ អ្នកមីងនិយាយថា៖ «រឿងម្រេញគង្វាល ឬជំនាងផ្ទះនេះមីងជឿថាមានមែន ព្រោះវាមានជំនឿតាំងពីបរមបុរាណមកម៉្លេះ គេជាអ្នកតាមជួយថែរក្សាផ្ទះសំបែង ក៏ដូចជាទ្រព្យធនរបស់យើងនៅក្នុងផ្ទះ។ ប៉ុន្តែគ្រាន់តែថា ខាងពពួកផ្លូវងងឹតអស់នេះ មិនដែលឲ្យមីងឃើញលក្ខណៈភ្នែកស្រស់ៗអីនោះទេ ឃើញតែក្នុងយល់សប្តិ ណាមួយបើនិយាយមែនទែនទៅ គេកម្រឲ្យយើងឃើញណាស់» ។

អ្នកមីង សុផល បន្តថា «...បើនិយាយពី ក្មេងៗម្រេញគង្វាលវិញ មីងធ្លាប់តែឃើញនៅក្នុងយល់សប្តិ ឃើញនាំគ្នាអង្គុយលេងជុំៗពេញមុខផ្ទះមីង ហើយក្មេងៗខ្លះមានស្លៀកពាក់ខោអាវ សាមញ្ញធម្មតា ឯក្មេងខ្លះទៀតគ្មានស្លៀកពាក់ខោអាវអីទេ ដល់តែពេលពួកវានាំគ្នាលេងហត់ រត់មកប្រាប់មីងថា ពួកវាឃ្លានណាស់ ចង់ស៊ីនំអាកោ ហើយពួកក្មេងៗម្រេញគង្វាលអស់នោះថាឲ្យមីង ថាមិនដែលដាក់ឲ្យពួកវាស៊ីទេ ដាក់តែស្ករគ្រាប់។ ទើបឥលូវឲ្យតែថ្ងៃសីលឡើង ជួនកាលមីងទិញនំអាកោដាក់ឲ្យ ជួនដាក់ស្ករគ្រាប់សែនឲ្យពួកវាដែរទៅ»។

អ្នកមីងបានបន្ថែមទៀតថា «...មិនដឹងយ៉ាងម៉េច បើជំនាងផ្ទះមីងវិញកាចណាស់ ពីមុនបើអ្នកចម្លែកមុខ ចូលមកគេងពេលយប់អីចឹង ដឹងតែទក់សាច់ម៉ង។ ជួនកាលចាប់ទាញជើងមិនឲ្យគេដេកកើតទេ រហូតមានអ្នកខ្លះត្រូវជំនាងផ្ទះ ផ្ទះមីងចាប់អុកក្បាលទៅនឹងជញ្ជាំងក៏មានដែរ តែក្រោយមកមីងចេះតែអុជធូបនិយាយបែរបន់ខ្លះ អីខ្លះ ចឹងទៅ ទើបរាងស្ងាត់លែងអីវិញ» ។

យ៉ាងណាមិញ នេះគ្រាន់តែការលើកឡើងមួយ ទាក់ទងទៅនឹងជំនឿ និងបទពិសោធន៍ខ្លះៗ របស់បងប្អូនខ្មែរយើងមួយចំនួន ធ្លាប់បានដឹង ​ ធ្លាប់ជួបប្រទះតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការយល់ឃើញយ៉ាងណានោះ គឺអាស្រ័យទៅលើ ទស្សនៈរបស់ប្រិយមិត្តតែប៉ុណ្ណោះ ថាតើគួរជឿ ឬគួរមិនជឿ ហើយវាពិតជាមានពិតនៅលើលោកយើងនេះ ឬយ៉ាងណា។ ជាចុងក្រោយ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ការគាំទ្រ និងចូលចិត្តអានរាល់អត្តបទដែលក្រុមការងារយើងខ្ញុំ បានសរសេរនិងរៀបចំឡើង។ សង្ឃឹមថាប្រិយមិត្តនឹងនៅតែបន្តការគាំទ្រ និងលើកទឹកចិត្តដល់យើងខ្ញុំ។ ជូនពរសំណាងល្អ សុខភាពល្អគ្រប់ទិវារាត្រី!


ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង. Believe in elves and chomneangophteah? Meet with practical experience

Labels: ,

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.